webnovel

សំំណងស្នេហ៍

4វគ្គក្នុងរឿង សំណងស្នេហ៍តែ មួយ វគ្គ : សំណងស្នេហ៍ ( សាលវ៉ាលតូ តូមេអូ x លីណា ស្ទេរផាន ) វគ្គ : ចំណងស្នេហ៍ ( ឡរ៉េនសូ ដេមេអូ x មេឡូឌី បាប៊ែល ) វគ្គ : វិសោធនកម្មស្នេហ៍ ( វីនឆេនសូ តូមេអូ x នេវ៉ា ខនន័រ ) វគ្គ : កាតព្វកិច្ចស្នេហ៍ ( ដូមេនីកូ តូមេអូ x ហេហ្សល អាន់ឌឺសិន ) ( ចាប់ផ្តើមសរសេរ 12 មីនា ឆ្នាំ 2023 )

Authormila · Ost
Zu wenig Bewertungen
7 Chs

វគ្គ:សំណងស្នេហ៍ ៥+៦

   សាលវ៉ាលតូ គេឈរមើលផ្ទះវីឡាដែលធំស្កឹមស្កៃក្នុងទីក្រុងនេះ គេមើលបណ្តើរក៏ញញឹមបណ្តើរ ក្នុងចិត្តគេពេលនេះចង់តែយកដែកកេះមកកេះហើយដុតផ្ទះនេះចោលទេ ។ បានការអញ្ជើញពីម្ចាស់ផ្ទះហើយគេក៏ដើរចូលដោយញញឹមចុងមាត់ តែក៏មិនភ្លេចប្តូរមុខស្មើររបស់ដែលមានអំណាចរបស់គេវិញដូចគ្នា ។ ស្រ្តីវ័យប្រហែល40ឆ្នាំដើរមកទទួលគេជាមួយនឹងទឹកមុខរីករាយអបអរជាមួយនឹងភ្ញៀវ ។ សាលវ៉ាលតូ គេជាមនុស្សចូលចិត្តវិភាគទៅលើនរណាម្នាក់ណាស់ ទើប សាលវ៉ាលតូ មើលហើយក៏អាចដឹងថានេះមិនមែនជាចរឹកពិតរបស់គាត់

   " ខ្ញុំឈ្មោះ សាលវ៉ាលតូ តូមេអូ ខ្ញុំចង់ជួបចៅហ្វាយក្រុង "

   " ចៅហ្វាយក្រុងមិននៅទេ ណាមួយខ្ញុំក៏មិនដែលស្គាល់លោកដូចគ្នា "

   " តែហេតុអីបានជាអ្នកស្រីហ៊ានអោយមនុស្សប្លែកមុខដូចជាខ្ញុំចូលផ្ទះអ្នកស្រី? "

   សំណួរនេះអ្នកស្រីម្ចាស់ផ្ទះបែរមុខចេញហាក់ដូចជារកចម្លើយអោយមិនបាន តែ សាលវ៉ាលតូ ដឹងថាគាត់អោយគេចូលព្រោះតែមើលតាមការស្លៀកពាក់ កូនចៅរបស់គេ ឡានដែលគេជិះ និយាយអោយចំគេគឺអ្នកមាន  ដូច្នេះទើបគាត់ហ៊ានអោយចូល ទោះមិនដឹងពីអត្តសញ្ញាណរបស់ សាលវ៉ាលតូ ក៏ដោយ

   " ខ្ញុំជាមនុស្សគិតវិជ្ជមានណាស់ ដូច្នេះវាមិនចម្លែកទេ "

   " ចឹងអ្នកស្រីធ្វើដាក់អ្នកគ្រប់គ្នាមែនទេ? ហើយរឿងបែបនេះអ្នកស្រីក៏ធ្វើយូរហើយដែរ "

   " ចាស៎ "

   គាត់ក៏ញញឹម តែមើលទៅស្នាមញញឹមដែលខំប្រឹងញញឹមអោយតែបានៗ តែតាមការសង្កេតរបស់ សាលវ៉ាលតូ គាត់បង្ហាញទឹកមុខដូចជាមិនសូវល្អសោះ នេះមិនមែនមិនស្រួលខ្លួនទេ តែដូចជាកំពុងតែភ័យនឹងអ្វីមួយ

   " អ្នកស្រីឈឺមែនទេ? "

   " ត្រូវហើយ ខ្ញុំមិនសូវស្រួលខ្លួន បើនិយាយពីលោកចៅហ្វាយក្រុង គាត់អាចនឹងមកវិញពេលយប់ ដូច្នេះ... "

   " ខ្ញុំអាចចាំគាត់បាន "

   " ចឹងក៏បាន ចាំខ្ញុំអោយអ្នកបម្រើលោកអោយបានដិតដល់ តែខ្ញុំមិនអាចកំដរលោកបានទេ ព្រោះខ្ញុំមិនសូវស្គាល់ខ្លួន "

   " បាទ មិនអីទេ ជាកិត្តិយសរបស់ខ្ញុំណាស់ "

   គេក៏ញញឹម តែពេលអ្នកស្រីម្ចាស់ចេញទៅបាត់គេក៏ទម្លាក់ទឹកមុខចុះវិញ ។ គេសម្លឹងមើលផ្ទះនេះសឹងតែគ្រប់ជ្រុងជ្រោយ ផ្ទះនេះមើលពីខាងក្រៅធំ តែពេលមកដល់ខាងក្នុងគឺមានសភាពទូលាយ ជាធម្មតាក្នុងផ្ទះច្រើនតែមានទូដាក់តាំងវត្ថុមួយចំនួន ឬក៏មានរូបថតនៅតាមជញ្ជាំង តែផ្ទះនេះបែរជាគ្មានទៅវិញ ។ គេមើលតែបន្តិចក៏អាចដឹងពីចំនួនបន្ទប់របស់ផ្ទះនេះហើយថានៅផ្ទះនេះមាន3ជាន់ នៅខាងលើមាន2បន្ទប់ នៅជាន់ទី2 មាន3បន្ទប់ នៅជាន់ផ្ទាល់ដីគឺមានបន្ទប់តាមផ្នែកដូចជា ផ្ទះបាយ បន្ទប់ទទួលភ្ញៀវជាដើម គេមើលចុះមើលឡើងដូចជាគ្មានអ្វីគួរអោយចាប់អារម្មណ៍ច្រើនទេ ក៏ទាញទូរស័ព្ទមកមើលវិញ ។

    ទីង ទីង

   សម្លេងផ្ញើរសារចេញពីទូរស័ព្ទដៃរបស់គេ ក៏ធ្វើអោយ អាឡិចសុីអូ ចង់ដឹងរឿងចៅហ្វាយដូចគ្នា ព្រោះអ្នកផ្ងើរសារមកចៅហ្វាយគេគឺមានតែម្នាក់ទេ គឺ លីណា ឯអ្នកផ្សេងគឺតែងតែខលមកផ្ទាល់ៗតែម្តង ។ ក្រោយពីជួប លីណា នៅពិធីបុណ្យសាលានោះ សាលវ៉ាលតូ បាននាំនាងទៅទិញទូរស័ព្ទដើម្បីស្រួលទំនាក់ទំនងជាមួយគេ ជាពិសេសត្រូវថតស្នាមលើមុខនាងអោយគេមើលចង់ដឹងថាវាធូរស្បើយច្រើនឬអត់

   " មើលរបួសអ្នកនាងតូច លីណា ជិតជារហើយចៅហ្វាយ "

   " យើងគ្រាន់តែចង់ដឹងថាថ្នាំដែលយើងទិញអោយនាងលាបនោះមានប្រសិទ្ធភាពប៉ុណ្ណា "

   គេក៏បិទទូរស័ព្ទវិញរួចបោះវាទៅមួយឡែក ។ អាឡិចសុី លឺចៅហ្វាយគេថាបែបនេះក៏ពេបមាត់ ព្រោះចៅហ្វាយគេគឺជាមនុស្ស សម្តីក្បត់ចិត្ត ដូច្នេះពាក្យល្មមៗគឺមិនអាចជឿបានទេ ។

   សាលវ៉ាលតូ និងកូនចៅត្រូវចំណាយពេល 9 ម៉ោងនៅផ្ទះចៅហ្វាយក្រុង ហើយការរង់ចាំរបស់គេ មិនដែលធ្វើអោយគេខកបំណងទេ ។ ចៅហ្វាយក្រុងចូលក្នុងផ្ទះភ្លាមក៏ឃើញគេនិងកូនចៅគេ អង្គុយចាំជាស្រេច ទើបចៅហ្វាយក្រុងមកអង្គុយជិត

   " ពួកលោកជាអ្នកណា? "

   " ខ្ញុំឈ្មោះ សាលវ៉ាលតូ តូមេអូ ជាកូនប្រុសរបស់ម្ចាស់ប្រេន ទឹក អប់ ដែលលោកប្រើ "

   ក្លិនទឹកអប់ដែលលោកចៅហ្វាយក្រុងប្រើគឺជះក្លិនមកកាន់គេ វាជាក្លិនបែបបុរស ក្លិននេះគឺជារូបមន្តរបស់គេ គ្មានក្រុមហ៊ុនផ្សេងអាចលួចទៅទេ ទើបគេដឹងថាចៅហ្វាយក្រុងក៏ជាហ្វេនរបស់ទឹកអប់នៅក្រុមហ៊ុនគេដូចគ្នា

   " ពិតមែនហ្អេស៎? ចឹងខ្យល់អីបក់លោកមកដល់ទីនេះ "

   " កូនស្រីរបស់លោកជាខ្យល់ដែលបក់ខ្ញុំមកទីនេះ "

   លឺ សាលវ៉ាលតូ ថាបែបនេះ ចៅហ្វាយក្រុងក៏ញញឹមដូចជាពេញចិត្ត គេសង្កេតឃើញទឹកមុខចៅហ្វាយក្រុងដូចជាមិនមានប្រតិកម្មអ្វីក្រៅពីសប្បាយចិត្ត ពេលនិយាយដល់កូនស្រីរបស់គាត់

   " អ្នកទាំង2ស្គាល់គ្នាមែនទេ? "

   " គ្រាន់តែចៃដន្យប៉ុណ្ណោះ "

   " អេឡា នាងជាក្មេងស្រីល្អណាស់ រៀនបានពិន្ទុល្អរាល់ខែតាំងពីនៅថ្នាក់វិទ្យាល័យ ពេលឡើងមកដល់សកលវិទ្យាល័យក៏បានពិន្ទុខ្ពស់ទៀត ខ្ញុំពិតជាមានមោទនភាពលើនាងណាស់ "

   គាត់សរសើរពីកូនគាត់ហើយក៏ញញឹមឡើង តែ សាលវ៉ាលតូ មើលទៅគាត់ដូចជាគាត់មិនបានដឹងពីចរឹកពិតរបស់កូនស្រីគាត់ទេ

   " ត្រូវហើយ ខ្ញុំមកនេះចង់អោយឯកសារមួយទៅចៅហ្វាយក្រុង ខ្ញុំមិនហ៊ានផ្ងើរនឹងប្រពន្ធលោកទេ ព្រោះខ្ញុំមិនទុកចិត្ត!! "

   ចុងប្រយោគគេក៏ប្រើសម្លេងសង្កត់ធ្ងន់ ទើបចៅហ្វាយក្រុងកាន់តែសង្ស័យ មិនដឹងថាគេមានរឿងអ្វីធំដុំទេដែលលាក់បាំងដល់ម្លឹង ។ សាលវ៉ាលតូ គេបង្ហាញសញ្ញាអោយ អាឡិចសុីអូ ប្រគល់ឯកសារក្នុងដៃអោយទៅចៅហ្វាយក្រុង ដែលក្នុងនោះសុទ្ធសឹងតែទង្វើរកូនស្រីដ៏ល្អរបស់គាត់បានប្រព្រឹត្ត នាងបានវាយធ្វើបាបសិស្សសាលាច្រើនណាស់មិនមែនត្រឹមតែ លីណា និង ហ្វីអាណា ទេ រឿងក្តីជាច្រើនត្រូវបានសាលាបិទបាំងមិនអោយមានព័ត៌មានច្រើនផ្សាយចេញ និងរឿងខ្លះត្រូវបានឪពុកម្តាយចរចារគ្នាដោយគ្មានការប្តឹងផ្តល់

   " នេះ...មិចក៏ខ្ញុំមិនដឹង? "

   នេះជាសំណួរដែល សាលវ៉ាលតូ ចង់បាន ទើបគេពេញចិត្តនឹងឆ្លើយតបទៅចៅហ្វាយក្រុង

   " លោកអាចសួរប្រពន្ធលោកបាន ក្នុងឯកសារនេះបានបញ្ជាក់ច្រើនណាស់នូវរឿងជាច្រើនដែលលោកមិនបានដឹង "

   " នេះ... "

   លឺគេថាបែបនេះ គាត់ក៏បន្តបើកមើលទៀត ហើយឯកសារសន្លឹកបន្តបន្ទាប់គឺទាក់ទងនឹងកូនស្រីរបស់គាត់ អេឡា ។ ការធ្វើតេស្តDNAបានបញ្ជាក់ពីមន្ទីរពេទ្យដ៏ធំក្នុងទីក្រុងថាDNAរបស់លោកហ្វាយក្រុងនិង អេឡា ខុសគ្នា99% ដូច្នេះ អេឡា មិនមែនជាកូនស្រីបង្កើតរបស់គាត់ទេ ប្រពន្ធគាត់បានកុហកគាត់មករហូត ហើយនៅសន្លឹកបន្ទាប់សុទ្ធតែជារឿងពុករលួយដែលប្រពន្ធគាត់បានធ្វើនៅពីក្រោយខ្នងរបស់គាត់ ។ ពេលដឹងរឿងនេះហើយ ចៅហ្វាយក្រុងមានសភាពមិននឹងនរ  ដោយបញ្ឆរភ្នែកឡើងលើ ដកដង្ហើមសឹងតែមិនដល់គ្នា មើលទៅបើមិនឆាប់បញ្ជូនគាត់ទៅមន្ទីរពេទ្យទេ គាត់អាចស្លាប់បាន ។

   ចៅហ្វាយក្រុងគេងនៅលើគ្រេ ដាក់អុកសុីសែនរយះពេល2ថ្ងៃព្រោះតែស្នាដៃរបស់ សាលវ៉ាលតូ ។ ក្រោយពីដឹងថាចៅហ្វាយក្រុងមានជំងឺលើសឈាម និងមានជំងឺខ្សោយបេះដូង សាលវ៉ាលតូ ក៏បន្ទោសខ្លួនឯងដូចគ្នា ដែលលេងអីឆៅៗពេក តែវាជារឿងពិតដែលគេគួរតែបង្ហាញចៅហ្វាយក្រុងអោយដឹង ។ ពេលចេញពីធ្វើការ គេក៏ឧស្សាហ៍មកមើលចៅហ្វាយក្រុងដូចគ្នា ព្រោះរឿងដែលគេចង់ធ្វើមិនទាន់បានចប់ទេ

   " ចៅហ្វាយ អ្នកនាងតូច លីណា គឺរៀនដោយប្រើអាហារូបករណ៍របស់គ្រួសារ តូមេអូ "

   ពេលគេឃើញចៅហ្វាយគេស្ងប់ស្ងាត់ ចេះតែសម្លឹងទៅរាងកាយដែលគេងនៅលើគ្រេ អាឡិចសុីអូ ក៏ខ្សឹបប្រាប់តែគេមិនសូវមានប្រតិកម្មអ្វីទេ

   ទីង ៗ

   សម្លេងសារពី លីណា ជាហេតុធ្វើអោយអារម្មណ៍របស់គេមកផ្តោតលើទូរស័ព្ទយ៉ាងលឿន គេទាញទូរស័ព្ទមកមើល រួចក៏យកដៃ ZOOM ទៅលើរូបថតដែល លីណា ផ្ងើរអោយ គឺស្នាមនិងរបួសរបស់នាងជារអស់ហើយ មុខដ៏ស្រស់ស្អាតរបស់នាងក៏ត្រឡប់មកវិញ នាងនៅឆ្លៀតសេនដាក់រូបបេះដូងអោយគេមួយទៀត ហើយអ្វីទាំងនេះគឺអាចធ្វើអោយគេញញឹមបាន ដូចមនុស្សមានស្នេហា

   " ចៅហ្វាយចូលចិត្តអ្នកនាង លីណា មែនទេ? "

   " យើងមិនបានស្អប់នាងទេ "

   " អូ៎ "

   អាឡិចសុីអូ ពេបមាត់ដាក់ សាលវ៉ាលតូ ពីក្រោយខ្នង ព្រោះន័យរបស់ អាឡិចសុីអូ មិនមែនរ៉ាក់បែបហ្នឹងទេ គឺវាជ្រៅ ដែលនរណាសុទ្ធតែអាចគិតដល់ តែចៅហ្វាយគេ ហេតុអីក៏គំនិតរ៉ាក់ម្លេស? ។ កាន់តែយូរ បន្ទប់កាន់តែស្ងាត់ សាលវ៉ាលតូ អង្គុយសម្លឹងទៅកាន់គ្រេរបស់ចៅហ្វាយក្រុងដោយស្ងៀមស្ងាត់និងអង្គុយគិត ព្រោះគេមកប៉ុន្មានដងតែមិនដែលឃើញគ្រួសារលោកចៅហ្វាយក្រុងនៅក្នុងបន្ទប់នេះទេ ហើយវាក៏មិនចម្លែកដែល ព្រោះចៅហ្វាយក្រុងមើលទៅជាមនុស្សស្លូតបូត ស្រឡាញ់យុត្តិធម៌ ខុសពី ម្តាយកូន2នាក់នោះឆ្ងាយណាស់

   " ចៅហ្វាយ... "

   អាឡិចសុីអូ ឃើញចៅហ្វាយក្រុងដឹងខ្លួនក៏ចង់ហៅចៅហ្វាយខ្លួនអោយមើល តែគេមិនដឹងទេថា សាលវ៉ាលតូ អង្គុយផ្តោតលើចៅហ្វាយក្រុងមួយថ្ងៃ គ្មានបានងាកមុខទៅណាទេ ដូច្នេះហើយគ្រាន់តែឃើញចៅហ្វាយក្រុងដឹងខ្លួនភ្លាម សាលវ៉ាលតូ ក៏ស្ទុះទៅជិត

   " លោកយ៉ាងមិចហើយ? ត្រូវការអោយខ្ញុំហៅពេទ្យមកទេ? "

   " មិនបាច់ទេ "

   គាត់ក៏ដកអុកស៊ីសែនចេញពីមាត់របស់គាត់ សាលវ៉ាលតូ ឃើញបែបនេះក៏ប្រហោងពោះដូចគ្នា តែគាត់បង្ហាញអាការ:ថាបានធូរស្បើយ តែយ៉ាងណា អាឡិចសុីអូ ជាមនុស្សឆ្លាត ដោយមិនបាច់ សាលវ៉ាលតូ និយាយ ក៏គេដើរចេញទៅហៅពេទ្យដូចគ្នា

   " ខ្ញុំសុំទោសដែលធ្វើអោយលោកចូលពេទ្យ "

   " ខ្ញុំទៅវិញទេដែលចង់អរគុណលោក បើសិនជាលោកមិនប្រាប់ខ្ញុំអោយបានដឹងទេ ម្លោះហើយ ម៉ែកូននោះនឹងបោកប្រាស់ខ្ញុំខ្លាំងជាងនេះ "

   " តើលោកចង់ធ្វើអ្វីបន្ត? "

   " ខ្ញុំគ្មានអ្វីក្រៅពីលែងលះទេ ខ្ញុំមិនអាចទុកពួកគេនៅក្បែរបានទេ ពួកគេបង្ករឿងឥតល្ហែ របស់របរក្នុងផ្ទះ ដែលមានតម្លៃជាច្រើនក៏ខ្ទេចខ្ទីដោយសារតែកំហឹងរបស់ អាយរីស ពេលនាងស្រវឹងតែងតែយកថូទៅគប់នេះ គប់នោះរហូតដល់ខ្ទេច ហើុយ!!! "

   គាត់ក៏ដកដង្ហើមធំ ហើយចម្ងល់របស់ សាលវ៉ាលតូ ក៏បានស្រាយម្តងទៀត គេដឹងហើយថាហេតុអីបានជាក្នុងផ្ទះនោះទូលាយខុសធម្មតា

   " បើលោកចង់បាន ខ្ញុំក៏អាចជួយបានដូចគ្នា "

   " ចឹងខ្ញុំពឹងលើលោកហើយ "

   " លោក សូមចេញទៅខាងក្រៅសិនទៅ ពួកយើងត្រូវការពិនិត្យអ្នកជំងឺ "

   លោកដុកទ័រចូលមក ទើប សាលវ៉ាលតូ ដែលដឹងភារកិច្ចរបស់ខ្លួនត្រូវដើរចេញ ។ គេដើរចេញពីមន្ទីរពេទ្យរួចក៏ឡើងឡានទៅរកមិត្តរបស់គេដែលធ្វើការជាព្រះរាជអាជ្ញានៅអាមេរិកនេះ ហើយគេក៏មិនភ្លេចទាក់ទងទៅមេធាវីរបស់លោកចៅហ្វាយក្រុងដូចគ្នា ដើម្បីអោយពួកគាត់ពិភាក្សាត្រៀមធ្វើលិខិតលែងលះ ។

   សាលវ៉ាលដូ ដើរចូលក្នុងមន្ទីរពេទ្យក្រោយពីបាត់ខ្លួនរយះពេល3ថ្ងៃ ព្រោះតែគេចាំលិខិតលែងលះមកដល់ទើបអាចបង្ហាញខ្លួនអោយចៅហ្វាយក្រុងឃើញ ។ ពេលចូលមកដល់ក្នុងបន្ទប់គេក៏ឃើញ អ្នកស្រី អាយរីស និង អេឡា នៅក្នុងនេះដូចគ្នា មើលទៅទឹកមុខរបស់ពួកនាងនៅរីករាយនៅឡើយ ដោយមិនដឹងថាមានរឿងអ្វីបន្ទាប់នៅពេលបន្តិចទៀតនេះទេ ។

   " សុំទោសដែលអោយរង់ចាំយូរ "

   គេក៏ហុចប៊ិចនិងលិខិតលែងលះនោះអោយទៅចៅហ្វាយក្រុង ពេលបានមកដល់ដៃភ្លាម គាត់មិនចាំយូរក៏សុីញ៉េនៅលើលិខិតលែងលះរួចក៏ហុចបន្តអោយទៅអ្នកស្រី អាយរីស

   " វាជាអ្វី? បណ្តាំមរតកហ្អេស៎? "

   អ្នកស្រី អាយរីស ទាញវាមកមើលទាំងសប្បាយចិត្ត តែពេលបានដឹងខ្លឹមសារពីខិលិតនេះហើយ គាត់ក៏ទម្លាក់ទឹកមុខចុះនិងបើកភ្នែកធំៗដាក់ប្តីរបស់ខ្លួន

   " បងធ្វើស្អីហ្នឹង? ហេតុអីក៏លែងលះ? "

   គាត់ក៏ចាប់ផ្តើមនិយាយខ្លាំងៗដាក់ចៅហ្វាយក្រុង

   " នាងធ្វើអីគឺដឹងខ្លួនឯងហើយ "

   " បងដឹងអីខ្លះពីអូនទើបសម្រេចចិត្តលែងលះ? "

   " នាងបង្កររឿងឥតឈប់ នៅរឿងរបស់ អេឡា ដែលនាងលាក់បាំងខ្ញុំ អេឡា នាងមិនមែនជាកូនបង្កើតរបស់ខ្ញុំទេ ហេតុអីក៏នាងកុហកខ្ញុំ?? "

   គាត់ថាបែបនេះ មិនត្រឹមតែអ្នកស្រី អាយរីស ទេដែលភ្ញាក់ផ្អើល តែសូម្បីតែ អេឡា នាងក៏ភ្ញាក់ផ្អើលដូចគ្នា

   " អ្នកណាប្រាប់បង? " 

   " មិនចាំបាច់ដឹងទេថាអ្នកណាប្រាប់ខ្ញុំទេ ខ្ញុំគិតរួចហើយថានឹងលែងលះគ្នា នាងគ្រាន់តែសុីញ៉េលើក្រដាសនេះទៅ ហើយពួកយើងបញ្ចប់ឈ្មោះ ប្តីប្រពន្ធ នឹងគ្នា "

   " គេមែនទេ? គេមែនទេដែលប្រាប់បង? "

   អ្នកស្រី អាយរីស ក៏ចង្អុលទៅ សាលវ៉ាលតូ

   " បើមែនវាយ៉ាងមិច? "

   សាលវ៉ាលតូ តបដោយសម្លេងត្រជាក់ បូករួមនឹងស្នាមញញឹមដែលអាចអោយអ្នកម្ខាងទៀតកកស្លាប់បាន

   " ខូនតុន បងសុខចិត្តជឿគេហ្អេស៎? "

   " ខ្ញុំបានតេស្តDNAរួចហើយ ប៉ុណ្ណឹងនាងអាចស្ងប់ចិត្តបានហើយត្រូវទេ? "

   សម្តីរបស់ចៅហ្វាយក្រុងប៉ុណ្ណឹងក៏អាចអោយអ្នកស្រី អាយរីស បញ្ចេញចរឹកពិតមក

   " បាន ខ្ញុំលែងលះក៏បាន "

   គាត់ថាហើយក៏សុីញ៉េលែងលះ ប៉ុន្តែមើលទៅហាក់ដូចជាងាយស្រួលខ្លាំងណាស់ ប៉ុន្តែដូចដែលដឹងថា សាលវ៉ាលតូ គេជាមនុស្សឆ្លាត គេដឹងថាអ្នកស្រី អាយរីស ច្បាស់ជាសុីញ៉េសុីលែងលះ ព្រោះតែមេធាវីរបស់លោកចៅហ្វាយក្រុងបានប្រាប់ដល់ សាលវ៉ាលតូ ថាចៅហ្វាយក្រុងបានត្រៀមមរតកអោយ អេឡា រួចហើយ ព្រោះគាត់ដឹងថាគាត់មានសុខភាពមិនល្អ ហើយរឿងនេះអ្នកស្រី អាយរីស គាត់ក៏បានដឹងដូចគ្នា ហើយនេះជាមូលហេតុដែលអ្នកស្រី អាយរីស យល់ព្រមសុីញ៉េលឿនដល់ម្លឹង ប្រហែលជាគាត់គិតថា មរតកទាំងអស់នឹងធ្លាក់មកលើកូនស្រីរបស់គាត់ហើយ

   " សុំទោសផងអ្នកស្រី អាយរីស នៅ3ថ្ងៃមុន បណ្តាំមរតកត្រូវបានផ្លាស់ប្តូរហើយ ហើយក្នុងនោះគ្មានចំណែករបស់ អេឡា ទេ ខ្ញុំគិតថាអ្នកស្រីប្រហែលជាសប្បាយចិត្ត "

   ពេលបានលិខិតលែងលះហើយ សាលវ៉ាកតូ ក៏ឆ្លៀតបញ្ជួសអោយអ្នកស្រី អាយរីស ខឹងឡើងញ័រខ្លួនអស់

  " វាមិនអាច មិនអាចទៅរួចទេ!! ខូនតុន គេគេងដាក់ខ្យល់អុកសុីសែនជិតមួយអាទិត្យហើយ វា វា គ្មានហេតុផលអីទៅផ្លាស់ប្តូរទេ លោកកុហកខ្ញុំមែនទេ? "

   គាត់ក៏ស្រែកដាក់ សាលវ៉ាលតូ ដូចមនុស្សឆ្គួត តែសាលវ៉ាលតូ គេមិនចាប់អារម្មណ៍មនុស្សឆ្គួតទេ ទើបដើរចេញពីបន្ទប់ដោយមានលិខិតលែងលះរបស់ចៅហ្វាយក្រុងនិងអ្នកស្រី អាយរីស នៅក្នុងដៃ

   " ឈប់សិន "

   សម្លេង អេឡា បានហៅគេ គេងាកមើលនាងទាំងក្រខ្សែរភ្នែកមិនចូលចិត្ត នាងដើរមករកគេទាំងទឹកមុខមាំ ដៃក៏ក្តាប់ណែនទៀត

   " ហេតុអីក៏លោកបំផ្លាញគ្រួសារខ្ញុំ? "

   សំណួរនេះគឺកំប្លែងណាស់សម្រាប់ សាលវ៉ាលតូ នាងថាគេបំផ្លាញគ្រួសារនាង?

   " ចឹងខ្ញុំជាមនុស្សអាក្រក់សម្រាប់ក្នុងនាងហើយ "

   គេក៏សម្លឹងមើលទាំងដោយទឹកមុខកាច បើគេអាចហែកនាងសុីបាន គេនឹងសុី ។ ក្រខ្សែរភ្នែកដ៏កាចរបស់គេបានធ្វើអោយ អេឡា ភ័យដូចគ្នា រហូតដើរឈានជើងថយក្រោយ ព្រោះតែ សាលវ៉ាលតូ ចេះតែដើរមកជិតនាង

   " ត្រូវហើយ ខ្ញុំមិនដែលធ្វើខុសលើលោកទេ លោកជាអ្នកណាក៏ពួកយើងមិនស្គាល់ដូចគ្នា តែនេះ....ខិៗ "

   នាងដើរដល់ជញ្ជាំងទើបឈប់មួយកន្លែង ។ សាលវ៉ាលតូ គេមិនចូលចិត្តសម្តីក្មេងស្រីម្នាក់នេះទេ ទើបគេទុកលិខិតលែងលះនៅដៃម្ខាង ឯដៃម្ខាងទៀតក៏យកមកច្របាច់កនាងយ៉ាងណែន

   " ខ្ញុំក៏មិនស្គាល់នាង តែខ្ញុំចង់ធ្វើ "

   " ព្រោះតែ លីណា នាងស្រីចង្រៃនោះមែនទេ? ហុិក ខិៗ "

   គ្រាន់តែលឺឈ្មោះ លីណា ភ្លាម គេក៏ចាប់ច្របាច់កនាងអោយធ្ងន់ដៃបន្តិច គេមិនធ្វើអោយនាងស្លាប់ទេ ព្រោះគេក៏មិនចង់ចូលគុកដូចគ្នា គេគ្រាន់តែបំភ័យនេះប៉ុណ្ណោះ

   " កុំយក លីណា មកពាក់ព័ន្ធ តែវាក៏មិនខុសដូចគ្នាដែល លីណា ក៏ជាជនរងគ្រោះ ចុះនាងមិនដឹងខ្លួនឬយ៉ាងមិច? នាងបានសម្លាប់អ្នកណាខ្លះ នាងមិនចងចាំក្នុងខួររបស់នាងខ្លះទេ? "

   " ខ្ញុំមិនបានធ្វើ "

   " ច្បាស់ឬ? នាងមិនខ្លាចខ្ញុំនាំនាងទៅផ្នូររបស់ អេម៉ា, អាលីស និង ស្ទេឡា ទេ ? "

   " ខ្ញុំមិនបានសម្លាប់ពួកនាងទេ ពួកនាងទៅវិញទេដែលសម្លាប់ខ្លួនដោយខ្លួនឯងនោះ ខិៗ ឈឺ! "

   សាលវ៉ាលតូ ស្តាប់សម្តីក្មេងស្រីនេះហើយ អារម្មណ៍គេសឹងតែទប់លែងបាន ។ តាមអ្វីដែលគេដឹង និងអោយ អាឡិចសុីអូ សើបមើល គឺ អេឡា បានធ្វើបាបសិស្សស្រីច្រើនណាស់ តាំងពីវិទ្យាល័យមកម្លេស មានអ្នកខ្លះបានកើតជំងឺផ្លូវចិត្តទៀតផង ។ នៅ 2 ឆ្នាំមុន មានសិស្សស្រី 3 នាក់បានស្លាប់នៅថ្ងៃជាមួយគ្នា តែកន្លែងខុសគ្នា ហើយតាមអ្វីដែលបានដឹងមក ពីពួកនាងគឺជាទាសករដាច់ថ្លៃរបស់ អេឡា ដែលនាងតែងតែធ្វើបាបពួកនាងមិនលុះថ្ងៃ ព្រោះតែវិបត្តិផ្លូវចិត្តទើប ស្ទេឡា លោតទឹកសម្លាប់ខ្លួន អាលីស ចងកក្នុងបន្ទប់គេងរបស់ខ្លួនឯង ឯ អេម៉ា នាងបានយកកំបិតអារដៃខ្លួនឯងរហូតដល់ស្លាប់ រឿងនេះអ្នកដែលឈឺចាប់ខ្លាំងបំផុតគឺសមាជិកគ្រួសាររបស់ពួកនាង ពួកគេស្តាយស្រណោះកូនៗរបស់ពួកគេខ្លាំងណាស់ តែ អេឡា បែរជាមករស់នៅដោយរីករាយទៅវិញ ហើយច្បាប់ក៏មិនអាចកាត់ទោសនាងបានព្រោះតែមានម្តាយនាងនៅចាំបំបិទរឿង ហើយនេះជាអ្វីដែលគេមិនអាចលើកលែងអោយនាងបាន

   " បើនាងមិនសារភាពរឿងរបស់នាង ក៏មិនអីដែរ ព្រោះនាងពេលនេះលែងមានបុណ្យសក្តិដូចមុនហើយ ដូច្នេះកុំបារម្ភអី ព្រោះច្បាស់ណាស់ថានឹងមានអាណាព្យាបាលសិស្សជាច្រើនដាក់ពាក្យបណ្តឹងមកកាន់នាង "

   សាលវ៉ាលតូ ក៏ប្រលែងដៃពីករបស់ អេឡា

   " អេឡា កូន យ៉ាងមិចហើយ? "

   អ្នកស្រី អាយរីស ក៏រត់មកមើលកូនភ្លាមៗ ពេលនេះ អេឡា មិនត្រឹមតែញ័រខ្លួនព្រោះតែ សាលវ៉ាលតូ ច្របាច់កទេ នាងភ័យទាំងរឿងដែល សាលវ៉ាលតូ គម្រាមមុននេះទៀត

   " អ្នកស្រី អាយរីស "

   ភ្លាមៗបុរសម្នាក់ក៏លិចមុខចេញមក ហើយច្បាស់ណាស់ ម្នាក់នេះគឺជាអ្នកបើកឡានផ្ទាល់ខ្លួនរបស់អ្នកស្រីអាយរីស ។ សាលវ៉ាលតូ ឃើញបុរសម្នាក់នោះហើយក៏ញញឹមពេញចិត្ត ព្រោះឪពុករបស់ អេឡា គឺបានមកមើលកូនរបស់គេហើយ ដូច្នេះគេអាចដើរចេញពីមន្ទីរពេទ្យនេះដោយធូរចិត្តហើយ

   "  ជេគ ជួយខ្ញុំបន្តិចទៅ "

   " មានរឿងអីមែនទេ? ហេតុអីបានជាអ្នកនាងតូចយំបែបនេះ? "

   " ខ្ញុំបានលែងលះនឹង ខូនតុន ហើយ ហើយអំបាញ់មិញ អេឡា ត្រូវបាន សាលវ៉ាលតូ ធ្វើបាប ដូច្នេះខ្ញុំចង់អោយលោកចាត់ការគេ "

   " សាលវ៉ាលតូ ឈ្មោះនេះដូចធ្លាប់លឺ នាងដឹងឈ្មោះពេញរបស់គេទេ? "

   " ដូចជា សាលវ៉ាលតូ តូមេអូ មានរឿងអីហ្អេស៎? "

   គ្រាន់តែបានដឹងឈ្មោះរបស់ សាលវ៉ាលតូ ហើយ ជេគ ក៏បង្ហាញទឹកមុខដូចជាភ័យៗ

   " រឿងនេះមិនបាច់សងសឹកអីទេ សាលវ៉ាលតូ តូមេអូ គេមានខ្សែរស្រឡាយម៉ាហ្វៀ នៅចាំការពារគ្រប់ទីកន្លែងដូច្នេះមិនគួរប៉ះពាល់ទេ "

   " ហេតុអីក៏រឿងទៅជាបែបនេះទៅវិញ? "