webnovel

សំំណងស្នេហ៍

4វគ្គក្នុងរឿង សំណងស្នេហ៍តែ មួយ វគ្គ : សំណងស្នេហ៍ ( សាលវ៉ាលតូ តូមេអូ x លីណា ស្ទេរផាន ) វគ្គ : ចំណងស្នេហ៍ ( ឡរ៉េនសូ ដេមេអូ x មេឡូឌី បាប៊ែល ) វគ្គ : វិសោធនកម្មស្នេហ៍ ( វីនឆេនសូ តូមេអូ x នេវ៉ា ខនន័រ ) វគ្គ : កាតព្វកិច្ចស្នេហ៍ ( ដូមេនីកូ តូមេអូ x ហេហ្សល អាន់ឌឺសិន ) ( ចាប់ផ្តើមសរសេរ 12 មីនា ឆ្នាំ 2023 )

Authormila · Eastern
Not enough ratings
7 Chs

វគ្គ:សំណងស្នេហ៍ ១+២

  ទឹកដីអុីតាលីត្រូវបានគេទទួលស្គាល់ថាជាទឹកដីចំណាស់ដែលមានវប្បធម៌ អរិយធម៌ ជាច្រើនបានលាក់ទុកនៅទីនេះ ស្ថាបត្យកម្មដ៏ចំណាស់របស់ប្រទេសនេះទាក់ទាញភ្ញៀវទេសចរណ៍សឹងតែគ្រប់ទិសទីជុំវិញពិភពលោក ។ ទីក្រុង ណាបែល គឺពេញនិយមសម្រាប់ជនបរទេសក្នុងស្រុកនិងក្រៅស្រុក ព្រោះវាមានទីតាំងក្បែរសមុទ្យ ។ ផ្ទះជាច្រើនបានសាងសង់លើភ្នំរួមមានទាំងសណ្ឋាគារ ភោជនីយដ្ឋាន ជាច្រើនធ្វើអោយទីក្រុងនេះជាប់លេខ3បន្ទាប់ពីទីក្រុងមីឡាននិងទីក្រុងរ៉ូម ។

   សាលវ៉ាលតូ តូមេអូ អាយុ31ឆ្នាំ ជាកូនច្បងក្នុងគ្រួសារ តូមេអូ ដែលជាអ្នកស្នងមរតករ៉ាប់លាន ។ គេជាមនុស្សស្ងៀមស្ងាត់ មិនសូវមាត់ក តែពេលខ្លះក៏ឆេវឆាវ មិនចេះស្តាប់ហេតុផល តែគេក៏មុឺងម៉ាត់ដូចគ្នា គេនិយាយយកជាការណាស់ ។

   វីនឆេនសូ តូមេអូ អាយុ28ឆ្នាំ ជាកូនទី2ក្នុងគ្រួសារ ចរឹករបស់គេគឺស្ងៀមស្ងាត់ នឹងនរ តែងាយនឹងចុះសម្រុង គេទន់ភ្លន់ មុឺងម៉ាត់ និងមានសិលធម៏ខ្ពស់ សម្តីផ្អែមជាងបងប្រុសរបស់គេ នេះជាមូលហេតុដែលលោកតារបស់គេស្រឡាញ់គេខ្លាំង ។

   ដូមេនីកូ តូមេអូ ជាកូនពៅក្នុងគ្រួសារ គេមានអាយុ25ឆ្នាំ ជាមនុស្ស Extrovert ងាយនឹងចុះសម្រុងនឹងមនុស្សគ្រប់គ្នា គេឆាប់បង្កើតមិត្តភាពរវាងនរណាម្នាក់ណាស់ ហើយគេពូកែគឺការបញ្ចុះបញ្ជូល មនុស្សបែបនេះគឺមិនចេះស្ងៀមស្ងាត់ទេ គេលេងច្រើនដូចក្មេង សមហើយដែលគេជាកូនពៅ ។

   ក្នុងទីក្រុងណាប៊ែល គ្រប់គ្នាទទួលស្គាល់គ្រួសារ តូមេអូ ណាស់ ថាជាគ្រួសារដែលចំណាស់ជាងគេនៅលើទឹកដីនេះ ពួកគេបានបង្កើតសណ្ឋាគារសម្រាប់ភ្ញៀវទេសចរណ៍មុនគេ ហើយសណ្ឋាគារនោះបានរីកដុះដាលពេញប្រទេស នៅមានសាខានៅប្រទេសធំៗជាច្រើនលើពិភពលោកដូចគ្នា ។ កូនប្រុសទាំង3របស់គ្រួសារ តូមេអូ ត្រូវបានមនុស្សមួយចំនួនដាក់ឈ្មោះថាជាកូនខ្លាដែលមិនទាន់មានក្រញាំ ព្រោះតែពួកគេមិនទាន់ចេះគ្រប់គ្រងមរតកបានល្អ ប៉ុន្តែរឿងនេះគឺមិនពិតទាំងស្រង់ទេ ព្រោះមនុស្សទាំងនោះមិនបានដឹងពីរឿងផ្ទៃក្នុងរបស់គ្រួសារមួយនេះ ។ ប៉ារបស់ពួកគេគឺ អាឡេចសាន់ត្រូ តូមេអូ បានវឹកហាត់ពួកគេរាប់ឆ្នាំមកហើយ ដើម្បីអោយរឹងមាំប្រៀបដូចជាខ្លាកំណាចដ៏ធំ មានក្រញាំដ៏រឹងមាំដើម្បីវាយប្រហារគូរសត្រូវ ចេះប្រើល្បិច និងវាយបក ទៅលើគូរសត្រូវមិនអោយងើបរួច ជាពិសេសគូរសត្រូវណាដែលមិនចេះគោរព និងក្រហឹមដាក់ពួកគេមុន ។

   យន្តហោះជើងចុងក្រោយពីប្រទេសអាមេរិក បានចុះចតនៅលើទឹកដីអុីតាលី ក្នុងទីក្រុងរ៉ូមទាំងយប់ ។ កូនខ្លាទាំង2ដែលមាន វីនឆេនសូ និង ដូមេនីកូ កំពុងតែសម្លឹងចាំមើលបងប្រុសខ្លួនចុះមក។ សាលវ៉ាលតូ ត្រូវបានប៉ារបស់គេបញ្ជូនគេទៅអាមេរិក រយះពេលជិតកន្លះឆ្នាំ ដើម្បីគ្រប់គ្រងក្រុមហ៊ុនមួយនៅទីនោះ វាជាជំនួញប៉ារបស់គេ ហើយប៉ាគេក៏មានគម្រោងប្រគល់ក្រុមហ៊ុននោះអោយទៅគេដូចគ្នា

   " ខ្ញុំមិនយល់ទេ ហេតុអីគាត់មិនប្រើយន្តហោះឯកជន? "

   វាមិនចម្លែកទេដែល ដូមេនីកូ ធុញទ្រាន់ ព្រោះពួកគេជាមហាសេដ្ឋីមួយរូបក្នុងតំបន់ដែរ មានគ្រប់យ៉ាង ទាំងឡាន យន្តហោះ កាប៉ាល់។ល។ ប៉ុន្តែបងប្រុសគេម្នាក់នេះបែរជាជ្រើសរើសជើងហោះហើរសាធារណៈទៅវិញ ។

   វីនឆេនសូ ឃើញ ដូមេនីកូ សួរបែបនេះគេក៏មិនឆ្លើយ ព្រោះគេដឹងចរឹកបងប្រុសគេច្បាស់ណាស់ តាំងពីប៉ាគេបង្ខំអោយ សាលវ៉ាលតូ អោយឆាប់មានប្រពន្ធនិងឆាប់បានស្នងមរតកពីគាត់មក គឺ សាលវ៉ាលតូ ប្រែចរឹក មិនចូលចិត្តអ្វីដែលនៅក្បែរខ្លួនគេ លុយ ឡាន របស់ប្រើប្រាស់ផ្សេងទៀត លែងនៅក្នុងចិត្តរបស់គេ ព្រោះតែរឿងប៉ាគេអោយយកប្រពន្ធ ។ គ្រប់គ្នាក្នុងផ្ទះ ជាពិសេសអ្នកបម្រើគឺឆ្ងល់ តែមាន វីនឆេនសូ និង ដូមេនីកូ ប៉ុណ្ណោះ ដែលពួកគេមិនឆ្ងល់ ព្រោះ សាលវ៉ាលតូ ធ្លាប់ប្រាប់ពួកគេ ថាមនុស្សស្រីមិនគួរទុកចិត្តទេ គេដើរជាមួយប៉ាគេយូរហើយ ឃើញស្រីៗច្រើនណាស់ចូលមកក្បែរប៉ាគេដើម្បីតែលុយតែម្យ៉ាង ទោះគេដឹងថាមិនមែនគ្រប់មនុស្សស្រី តែគេជួបមនុស្សស្រីច្រើនរាប់មិនអស់ហើយ  ហើយចរិកនិស្ស័យរបស់ពួកនាងមិនអាចអោយគេផ្លាស់ប្តូរចិត្តគំនិតមួយនេះចោលទេ

   " លើកក្រោយមិនបាច់នាំមនុស្សច្រើនមកក៏បាន "

   សាលវ៉ាលតូ ដើរអូវ៉ាលីមកដល់ក៏ឃើញកូនចៅគេច្រើនណាស់នៅទីនេះ គេមិនចូលចិត្តភាពអ៊ូអរបែបនេះទេ តែគេក៏មិនមែនមិនយល់ដូចគ្នាថាពួកគេមកដើម្បីការពារកុំអោយចៅហ្វាយដូចជាគេនេះមានគ្រោះថ្នាក់ ។ បន្ទាប់ពីឡើងឡានហើយ គេក៏សង្ងំបិទភ្នែកគេង មើលទៅគេហាក់ដូចជាស្ងៀមស្ងាត់ខ្លាំងណាស់ សូម្បីតែ វីនឆេនសូ និង ដូមេនីកូ ក៏មិនហ៊ានសួរនាំដូចគ្នា បើចង់ដឹងមានតែចាំដល់ស្អែកទើបបានដឹង ព្រោះ សាលវ៉ាលតូ គេគ្មានអាថ៍កំបាំងជាមួយនឹងប្អូនៗរបស់គេទេ ។

   ថ្ងៃថ្មីបានមកដល់ ហើយក៏ជាថ្ងៃដំបូងនៃរដូវផ្ការីក មនុស្សសឹងតែ99.9%គឺចូលចិត្ត ប៉ុន្តែ សាលវ៉ាលតូ គេជាស្ថិតនៅក្នុងមនុស្ស0.01% គេមាននិស្ស័យស្អប់ផ្កាតាំងពីកើតមកម្លេស ។ គ្រប់ទឹកអប់គឺមានក្លិនផ្កា តែ សាលវ៉ាលតូ គេបាញ់ទឹកអប់ដែលមានក្លិនរុក្ខជាតិ ដែលមិនក្រអូបទេ តែផ្អែមឈ្ងុយ (??) ក្លិននេះគឺចេញពីរោងចក្ររបស់ប៉ាគេ ហើយគេជាអ្នកផលិតទឹកអប់មួយនេះឡើងសម្រាប់តែគេម្នាក់ប៉ុណ្ណោះ

   តុៗ!!

   " ចូលមក "

   ម្ចាស់បន្ទប់អនុញ្ញាតហើយ ដូច្នេះអ្នកខាងក្រៅក៏ដើរចូលទាំងញញឹម

   " យប់មិញឃើញបងមិនសប្បាយចិត្ត មានរឿងអីមែនទេ? "

   វីនឆេនសូ មើលមុខបងប្រុសគេទាំងព្រិចភ្នែកញាប់ព្រោះសំណួរនេះគេមិនប្រាកដចិត្តទេថា សាលវ៉ាលតូ នឹងឆ្លើយ ។ បងប្រុសគេជាមនុស្សចិត្តរេរៀដូចចុងដើមស្រល់ តែចរឹកមួយដែលបងប្រុសគេមាន គឺមុឺងម៉ាត់ និងនិយាយយកជាការ

   " បងមានរឿងជាមួយនឹងក្មេងស្រីម្នាក់ "

   សាលវ៉ាលតូ ក៏បង្ហាញទឹកមុខដូចជាមិនសប្បាយចិត្តនិងបារម្ភពេលនឹកឃើញរឿងនោះ មុខក៏ចាប់ផ្តើមក្រហមដូចជាចង់យំដូចគ្នា

   " ក្មេងស្រីចឹងហ្អេស? អាយុប៉ុន្មាន? "

   " ... "

   សាលវ៉ាលតូ ក៏គេចក្រខ្សែរភ្នែករបស់វីនឆេនសូដែលសម្លឹងមករកគេ បែបនេះហើយក៏អាចអោយ វីនឆេនសូ ដឹងច្បាស់ថាបងប្រុសគេកំពុងតែពិបាកចិត្ត នេះមិនមែនជាចរឹកធម្មតារបស់បងប្រុសគេដែលមិនសូវចេះញញឹមទេ គឺបងប្រុសគេកំពុងតែមានវិបត្តិរហូតធ្វើអោយបងប្រុសគេពិបាកចិត្ត

   " បងប្រុសកុំលាក់អីល្អជាង បើបងមានបញ្ហាអីពួកយើងក៏ជួយដោះស្រាយ "

   សាលវ៉ាលតូ សម្លឹងមើលមុខប្អូនប្រុសរបស់គេហើយទើបដាច់ចិត្តប្រាប់ ។

   រឿងនេះបកទៅពី 4 ខែមុនវិញ ជាពេលដែលក្នុងក្រុមហ៊ុនរបស់ប៉ាគេបានបង្កើតវិធីជុបលាងអបអរគំរប់ខួប 40 ឆ្នាំដែលក្រុមហ៊ុនផលិតទឹកអប់របស់ប៉ាគេទទួលបានជោគជ័យជាបន្តបន្ទាប់មកដល់សព្វថ្ងៃនេះ ។ ក្រោយពីគេថ្លែងសុន្ទរកថារួចហើយ គឺដល់កម្មវិធីផឹកស្រា រាំសប្បាយ តែ សាលវ៉ាលតូ ជាមនុស្សមិនចូលចិត្តភាពអ៊ូអរទើបដើរចេញពីកម្មវិធីនេះទៅខាងលើដំបូលក្រុមហ៊ុន ទីនោះក៏មានការរៀបចំដូចគ្នា តែវាមិនសូវមានមនុស្ស អាចអោយគេលំហែរអារម្មណ៍បាន និងមើលទីក្រុងពេលរាត្រី

   " លោកពូ សុំសួរបន្តិចបានទេ "

   ក្មេងស្រីម្នាក់ក៏មកកេះគេ ទាំងបង្ហាញទឹកមុខជីបអូចៗ  គេមើលជុំវិញនេះគឺថាអស់មនុស្សហើយ ដូច្នេះមិនចម្លែកគេដែលនាងមកសួរគេ

   " លោកពូ? "

   តាំងគេកើតមកដល់ពេលនេះ មិនទាន់មានអ្នកណាម្នាក់ហៅគេពូនៅឡើយទេ នាងហៅគេពូបែបនេះមានន័យថាគេចាស់ហើយមែនទេ?

   " ចាស លោកពូមានដឹងថាបន្ទប់ទឹកនៅឯណាទេ? "

   លឺនាងសួរបែបនេះ គេក៏ឈរគិតបន្តិច ព្រោះបន្ទប់ទឹកមានតែនៅតាមបន្ទប់នីមួយៗប៉ុណ្ណោះ ដែលជាបន្ទប់សម្រាក ហើយបន្ទប់ទឹកបែបសាធារណ: ដែលគ្រប់គ្នាអាចប្រើបានមានត្រឹមជាន់ទី20ចុះ ជាជាន់ដែលធ្វើការ ហើយដំបូលនេះអាចជាជាន់60ហើយ ដូច្នេះនាងត្រូវចុះទៅខាងក្រោមវិញ បើមិនចឹងទេ មានតែគេបើកបន្ទប់របស់គេ អោយនាងចូលសិន ដែលបន្ទប់គេនៅជាន់ទី59 ហើយនៅជាន់ទី59មានបន្ទប់គេតែមួយប៉ុណ្ណោះ ព្រោះបន្ទប់នោះអាចមើលឃើញទេសភាព360ដឺក្រេបាន

   " លោកពូ ឆ្លើយសំនួរខ្ញុំបានទេ? "

   នាងក៏ពេបមាត់ដាក់គេ គេមើលទៅសភាពនាងដូចជាទ្រាំខ្លាំងណាស់ ទើបគេលួចញញឹមនឹងចរឹកនាង

   " បន្ទប់ទឹកត្រូវចុះទៅជាន់ខាងក្រោមវិញ តែមិនអីទេ ចាំខ្ញុំបើកបន្ទប់ខ្ញុំនៅខាងក្រោមនេះអោយនាងចូលសិនក៏បាន "

   លឺគេថាបែបនេះនាងក៏សម្លឹងមើលគេភ្លើសៗ គេកំពុងតែប្រាប់នាងថា អោយចូលធ្វើអីនៅបន្ទប់គេមែន?

   " យ៉ាងមិច? មិនទុកចិត្តខ្ញុំមែនទេ? "

   " គឺ...គ្មានទេ ឆាប់ទៅ "

    នាងតឿនគេបែបនេះ គេក៏សម្រេចចិត្តនាំនាងទៅបន្ទប់របស់គេ ។ ពេលចូលមកដំបូងនាងមិនចាប់អារម្មណ៍បន្ទប់គេប៉ុន្មានទេ ព្រោះតែរវល់តែផ្តោតលើបន្ទប់ទឹក លុះត្រាតែនាងចេញមកវិញទើបនាងភ្ញាក់ផ្អើលទេសភាពបន្ទប់មួយនេះ ដែលអាចអោយនាងឃើញទេសភាពទីក្រុងនេះទាំងមូល

   " កើតអី? ហេតុអីក៏ខ្ទប់ពោះ? មករដូវមែនទេ? "

   គេឃើញនាងដើរអោនៗនិងអាការ:យកដៃខ្ទប់ពោះទើបគេសួរចំ តែគេមិនដឹងទេថានាងកំពុងតែសម្លក់គេ នាងសម្លក់គេមិនមែនខឹងទេ តែនាងអៀនដែលគេនិយាយចំៗពេក

   " ចាស "

   នាងក៏ដើរមកឈរក្បែរគេ

   " អង្គុយសិនទៅ "

   " អត់ទេ ខ្ញុំសុំទៅវិញហើយ "

   នាងលើកដៃសុំពះគេ ក៏ធ្វើអោយគេឆ្ងល់ តែក៏មិនមាត់ដូចគ្នា គ្រាន់តែនាងចាប់ផ្តើមដើរក៏ធ្វើអោយពោះនាងឈឺកាន់តែខ្លាំង រហូតនាងត្រូវខ្ទប់ពោះនឹងអង្គុយចុះនៅមួយកន្លែង

   " យ៉ាងមិចហើយ ឈឺខ្លាំងមែនទេ? "

   គេក៏ស្ទុះមកមើលនាងទាំងបារម្ភ ព្រោះនាងមើលទៅក្មេងណាស់ ហើយអាការ:ធ្ងន់ធ្ងរទៀត បើនាងឈឺពោះរហូតដល់ស្លាប់ក្នុងបន្ទប់គេ គេច្បាស់ជាលក់ក្រុមហ៊ុននេះចេញហើយ

   " ហឹម "

   នាងងក់ក្បាលទាំងពេបមាត់ ហើយក៏ហូរទឹកភ្នែកដូចគ្នា ។ សាលវ៉ាលតូ ឃើញបែបនេះគេមិនដាច់ចិត្តអោយនាងចេញទៅពេលនេះទេ យ៉ាងណាគេក៏ជាមនុស្សចាស់ម្នាក់ ដូច្នេះទើបគេសម្រេចចិត្តបីនាងមកលើសាឡុង

   " ខ្ញុំធ្លាប់អានព័ត៌មានពីរឿងរដូវអីអស់នេះ តែខ្ញុំមិនដឹងទេថាវាធ្វើទុករហូតអោយឯងយំបាន "

   " លោកពូដឹងទេថាវាឈឺប្រៀបដូចជាគេយកកំបិតមកវះពោះ ពេលខ្លះយកគេកាត់យកគ្រឿងក្នុងយើងចេញចឹង "

   លឺនាងនិយាយបែបនេះគេក៏ចំហមាត់ធ្លុង ព្រោះមើលទៅវាពិតជាសាហាវខ្លាំងណាស់

   " បើដឹងថាខ្លួនមករដូវ ហេតុអីក៏មកទីនេះ? "

   " ខ្ញុំបាត់រដូវប៉ុន្មានថ្ងៃហើយ ទើបខ្ញុំស្មានមិនបានថាវានឹងមកថ្ងៃណា តែខ្ញុំក៏បានត្រៀមសំឡីទុកដូចគ្នា "

   " ស្រីៗពិតជាគួរអោយធុញទ្រាន់មែន "

   គេក៏ច្រត់ដៃនឹងចង្កេះសម្លក់នាង នេះហើយដែលគេមិនចូលចិត្តមនុស្សស្រី

   " ថ្ងៃនេះជាថ្ងៃកំណើតខ្ញុំ បងប្រុសរបស់ខ្ញុំគាត់ធ្វើការនៅទីនេះ គាត់គ្មានលុយធ្វើវិធីខួបកំណើតអោយខ្ញុំទេទើបគាត់សម្រេចចិត្តអោយខ្ញុំមកចូលរួមពិធីជំនួសគាត់ គាត់សង្ឃឹមថាខ្ញុំនឹងសប្បាយចិត្ត "

   លឺនាងថាបែបនេះគេក៏ទម្លាក់ដៃចុះពីចង្កេះរួចក៏ខំប្រឹងសម្លឹងមើលទៅភ្នែកនាងដែលរេទៅរេមក

   " បងប្រុសឯងឈ្មោះអី ធ្វើការនៅផ្នែកណា? "

   " គាត់ឈ្មោះ វ៉លឡេស ស្ទេផាន គាត់បុគ្គលិកអនាម័យ "

   " ចឹងគ្រួសាររបស់ឯងក្រមែនទេ? "

   នាងក៏សម្លឹងមុខគេទាំងកែវភ្នែកតូចចិត្ត ពេលលឺគេនិយាយពាក្យថាក្រ

   " ត្រូវហើយ ខ្ញុំ រំខានលោកពូពេកហើយ សុំទោសផង "

   នាងលើកដៃជូតទឹកភ្នែកហើយក៏ប្រុងនឹងក្រោកឈរតែត្រូវ សាលវ៉ាលតូ ចាប់នាងអោយអង្គុយ

   " ឯងឈឺ ដូច្នេះសម្រាកសិនទៅ កុំបារម្ភ ខ្ញុំមិនធ្វើអីឯងទេ "

   " ខ្ញុំមិនអាចទុកចិត្តនរណាម្នាក់ទេ "

   " តែឯងទុកចិត្តខ្ញុំតាំងពីចូលមកទីនេះដំបូងម្លេស ត្រូវទេ? "

   នាងមិនមាត់ តែសម្លឹងមុខគេជាប់

   " កុំបារម្ភអី ខ្ញុំឈ្មោះ សាលវ៉ាលតូ តូមេអូ ជាCEOរបស់ក្រុមហ៊ុននេះ ឯងនៅសម្រាកទីនេះសិនទៅ ចាំខ្ញុំខលប្រាប់បងប្រុសឯងអោយដឹងពីដំណឹងរបស់ឯង "

   " ចឹងខ្ញុំអរគុណលោកពូហើយ "

   នាងក៏លើកដៃសំពះគេម្តងទៀត ហើយលើកនេះគេរឹតតែឆ្ងល់លើសដើម

   " ឯងឈ្មោះអី? អាយុប៉ុន្មាន? ជនជាតិអីព្រោះមើលទៅឯងមុខមិនដូចជនជាតិអាមេរិកទាំងស្រុងទេ "

    " ខ្ញុំឈ្មោះ លីណា តែម៉ាក់របស់ខ្ញុំហៅខ្ញុំថា លីលី តែប៉ាខ្ញុំហៅខ្ញុំថា ណាណា ខ្ញុំអាយុ 19ឆ្នាំ មានបងប្អូន3នាក់ ម៉ាក់ខ្ញុំជាជនជាតិខ្មែរដែលរត់គេចពីសម័យក្រហមមកដល់អាមេរិកនេះ ឯប៉ាខ្ញុំជាជនជាតិអាមេរិក "

   ពេលនេះគេដឹងហើយ ហេតុអីក៏នាងតែងតែលើកដៃសំពះ ព្រោះតែមើលទៅម៉ាក់របស់នាងបង្រៀននាងបានល្អហើយពីការលើកដៃសំពះ គេក៏ធ្លាប់អានអត្ថបទទាក់ទងពី វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់របស់ប្រទេសកម្ពុជាដូចគ្នា ទើបគេអាចយល់បានពីសាវតារបស់ប្រជាជននេះ

   " ហេតុអីក៏ម៉ាក់ប៉ាឯងហៅឈ្មោះឯងខុសគ្នាបែបនេះ? "

   " ម៉ាក់គាត់ស្រឡាញ់ផ្កាលីៗណាស់ ដូច្នេះគាត់ក៏សង្ឃឹមថាខ្ញុំប្រៀបដូចជាផ្កាលីៗ ស្រស់ស្អាត មានអ្នកស្រឡាញ់ច្រើន ឯប៉ាគាត់ហៅខ្ញុំថាណាណា ខ្ញុំក៏មិនដឹងដូចគ្នា "

   " ផ្កាមែនទេ? "

   គេក៏បង្ហាញទឹកមុខមិនពេញចិត្តព្រោះគេស្អប់ផ្កាខ្លាំងណាស់

   " ចាស៎ "

   " អរ ទៅពេទ្យទេ? ឬអោយខ្ញុំខលហៅពេទ្យមកទីនេះ "

   " អត់ទេ លោកពូមានថ្នាំបំបាត់ការឈឺចាប់ទេ? "

   " គ្មានទេ ឯងឈឺខ្លាំងមែនទេ? គេងសិនទៅ ចាំខ្ញុំរកអីមកជួយ "

   គេក៏ដើរចេញពីនាងរួចក៏ចុចទូរស័ព្ទស្វែងរកពីវិធីបំបាត់ការឈឺចាប់ពេលមករដូវ ។ គេដើរមកវិញជាមួយនឹងកន្សែង ទឹកមួយចានដែក និងទឹកតែមួយពេន

   " ខ្ញុំឃើញក្នុងwebsiteថាអោយផឹកទឹកតែក្តៅៗនិងស្អំពោះជាមួយនឹងទឹកក្តៅ ដូច្នេះខ្ញុំយកកន្សែងអោយឯង "

   " ខ្ញុំផឹកមិនចូលទេ ជាធម្មតាខ្ញុំយករបស់រាងធ្ងន់ៗមកដាក់ពីលើពោះ លោកពូជួយរកមកអោយបន្តិចមក "

   " ដុំដែកមែនទេ? មិនអីទេ ខ្ញុំមានច្រើនណាស់ "

   គេក៏សួរនាងទាំងលួចញញឹម

   " អត់ទេ យករបស់ណាធ្ងន់ៗ អឺ ដូចជាខ្នើយដែលរាងធ្ងន់ "

   " អូ...ខេ  ខ្ញុំយល់ហើយ "

   គេក៏រត់ទៅយកខ្នើយ2មកអោយនាង មួយសម្រាប់ដាក់ពីលើពោះនាង មួយទៀតសម្រាប់អោយនាងកើយ

   " ធូរខ្លះទេ? "

   " គ្រាន់បើ "

   " គេងទៅចឹង ខ្ញុំខលទៅបងប្រុសរបស់ឯងសិន "

   គេក៏ដើរចេញពីនាងទៅរៀនហាលខាងក្រៅរួចក៏ខលទៅបងប្រុសរបស់នាង

   " សួស្តី វ៉លឡេស ខ្ញុំ សាលវ៉ាលតូ ពេលនេះប្អូនស្រីរបស់លោក នាងមិនស្រួលខ្លួន ខ្ញុំអោយនាងសម្រាកហើយ មិនបាច់បារម្ភពីនាងទេ ស្អែកបើសិនជានាងមានអាការៈធូរស្បើយវិញខ្ញុំនឹងជូននាងទៅផ្ទះវិញ "

   « ពេលនេះនាងនៅក្រុមហ៊ុនមែនទេ? ចាំខ្ញុំទៅយកនាង »

   វ៉លឡេស និយាយទាំងបារម្ភ

   " ត្រូវហើយ តែនេះយប់ហើយ លោកមិនបាច់មកទេ ខ្ញុំបានដាក់អោយនាងគេងហើយ "

   « ខ្ញុំរំខានលោកពេកទេដឹង? »

   " អត់ទេ ប្អូនស្រីរបស់លោកឆ្លាត គួរអោយស្រឡាញ់ណាស់ ដូច្នេះចាំខ្ញុំមើលថែរនាងអោយបានល្អ "

   « ចឹងក៏បាន អរគុណលោកហើយ »

   វ៉ល់ឡេស បិទទូរស័ព្ទទាំងធូរចិត្តដូចគ្នា ទោះ សាលវ៉ាលតូ ទើបមកកាន់កាប់ក្រុមហ៊ុននៅអាមេរិកមែន តែ វ៉លឡេស ជាមនុស្សពូកែសង្កេតណាស់ គេអាចដឹងចរឹកCEOគេយ៉ាងលឿនថាជាមនុស្សបែបមិច ដូច្នេះទើបគេអាចទុកចិត្តCEOគេបាន ថាCEOគេជាមនុស្សល្អ ។ សាលវ៉ាលតូ ដើរមកក្នុងវិញទៅមើលនាងតូច លីណា ក៏ឃើញនាងគេងលក់បាត់ហើយ មើលទៅមិនមែនងងុយទេ តែសម្ងំអោយឆាប់គេងលក់ ព្រោះបើនាងគេងលក់ ពោះនាងនឹងលែងឈឺហើយ ។ ម៉ាស៊ីនត្រជាក់គេបើកលេខទាបណាស់ ទើបធ្វើអោយនាងរួញខ្លួនទើបគេសម្រេចចិត្តបីនាងទៅបន្ទប់គេងរបស់គេ ស្រួលគេមានភួយដណ្តប់អោយនាង                             

   " ពិតជាមិនគួរអោយជឿមែនថាបងមានការសន្ទនាជាមួយនាងច្រើនបែបនេះ? "

   វីនឆេនសូ ដែលស្តាប់បងប្រុសគេនិយាយមកត្រឹមនេះ គេក៏លួចញញឹមឡើង ព្រោះនាងតូច លីណានោះ ទើបតែជួបបងប្រុសរបស់គេទេ តែកែប្រែបងប្រុសគេជាមនុស្សមិនសូវចេះនិយាយរញ៉េរញ៉ៃមកជានិយាយច្រើនខុសធម្មតា

   " បងក៏មិននឹកស្មានដូចគ្នា "

   " ចឹងតើមានអ្វីនៅថ្ងៃបន្ទាប់ ? "